ប្រើប្រាស់លុយរដ្ឋរាប់ម៉ឺនដុល្លាសាងសង់អាគារមួយខ្នង តែបែជាបោះបង់ក្រោមពាក្យថាឆ្ងាយពីទីប្រជុំជន
មណ្ឌលគិរី ៖ អាគារមួយខ្នងសាងសង់អំពីថ្ម ប្រក់ក្បឿង មានទំហំធំគួរសម្យ បច្ចុប្បន្នព្រៃកំពុងតែដុះស្ទើរលិចបាត់រូបរាង ខណៈដែលមន្ត្រីបម្រើកាងារនៅទីកន្លែងនោះបោះបង់ចោលគ្មានមនុស្សអង្គុយធ្វើការ។
អាគារដែលមានសរសេរអក្សរធំៗថា(ការិយាល័យច្រកចេញចូលតែមួយ)នៅលើមាត់ច្រក ដែលស្ថិតនៅទល់មុខ រមណីយដ្ឋានចំការកាហ្វេ ស្ថិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលផ្តួចផ្តើម កសាងពីសំណាក់អតីតអភិបាលក្រុងសែនមនោរម្យលោកប៉េង សម្បត្តិ កាលពីប៉ុន្មានឆ្នាំមុននោះ ត្រូវបាន គេមើលឃើញថាគ្មានការថែទាំ គ្មានមនុស្សធ្វើការ គ្មានការអើពើរ បណ្តាលឲ្យកញ្ចក់បែក ដុះស្លែរ ដុះព្រៃ រូបរាងអគារចាស់ មិនសាកសម្យខណៈដែលអគារទើបនិងសាងសង់បានប៉ុន្មានឆ្នាំកន្លងទៅតែប៉ុណ្ណោះ។
ប្រភពពីមន្ត្រីរាជការមួយចំនួនបានលើកឡើងថាអគារការិយាល័យមួយនេះ ត្រូវបានអតីតអភិបាលក្រុងសែនមនោរម្យចាស់ លោកប៉េង សម្បត្តិ បច្ចុប្បន្ន ជាអភិបាលរងខេត្តមណ្ឌលគិរី យកកញ្ចប់ថវិកាជាតិទៅសាងសង់ទុកជា អាគារច្រកចេញចូលតែមួយ សំរាប់បំរើសេវាសាធារណះជូនដល់ប្រជាពលរដ្ឋ ប៉ុន្តែចាប់តាំងពីសាងសង់រួចរហូត ដល់សព្វថ្ងៃគឺមិនទាន់មានមន្ត្រីរាជការណា ចូលអង្គុយធ្វើការនោះទេ។
អ្នករស់នៅក្នុងមូលដ្ឋានក្រុងសែនមនោរម្យបានឲ្យដឹងថា អគារការិយាល័យនេះ តាំងពីសាងសង់កាលពីឆ្នាំ២០១៤រួច គេមិនដែលឃើញមានមន្ត្រីណាម្នាក់ ចូលទៅធ្វើការនៅទីនោះឡើយ ពោលគឺអគារការិយាល័យច្រកចេញចូលតែមួយស្ទើរក្លាយទៅជាអគារខ្មោច ព្រោះទ្វារកញ្ចាក់បានបាក់បែក។ហើយមានស្មៅដុះព័ទ្ឋជុំជិត ស្លែរកាន់ស្ទើរគ្រប់កន្លែង។
ចំណែកអាជីវកររស់នៅផ្សារក្រុងសែនមនោរម្យបានឲ្យដឹងថា កន្លងមក ពួកគាត់ធ្លាប់ទៅកាន់ការិយាល័យខាងលើដើម្បី ជួយរត់ការឯកសារនានា តែនៅពេលទៅដល់កន្លែងករិយាល័យ ពួកគាត់ខកចិត្តយ៉ាងខ្លាំង ព្រោះអគារការិយាល័យទាំងមូលបែរជាស្ងាត់ជ្រងំ គ្មានមនុស្សសូម្បីម្នាក់នៅធ្វើការងារ។
លោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យបានឲ្យដឹងថា ការិយាល័យច្រកចេញចូលតែមួយមានប្រធានឈ្មោះកញ្ញា អំស៊ី ណេត ក្នុងនោះមន្ត្រីការិយាល័យច្រកចេញចូលតែមួយសព្វថ្ងៃ គឺបំពេញការងារ នៅក្នុងរដ្ឋបាលសាលាក្រុង ព្រោះអគារច្រកចេញចូលតែមួយ មិនទាន់មានទឹក ភ្លើង ហើយនៅឆ្ងាយពីទីប្រជុំជនធ្វើឲ្យប្រជាពលរដ្ឋមានការពិបាកមកទទួលសេវា ។
លោកអភិបាលក្រុងថា នេះគឺជាការធ្វើការសម្រេចចិត្តរបស់លោកអភិបាលក្រុងមុន តែពេលនេះ លោកកំពុងរកដៃគូជួយបន្ថែមហើយ ។ លោកអភិបាលក្រុងបានបញ្ជាក់ថា លោកពិតជាមានការសោកស្តាយនូវកញ្ចប់ថវិកាជាតិដែលឲ្យមក តែកាលនោះថ្នាក់ដឹកនាំគាត់សម្រេចចិត្ត យកទៅធ្វើនៅទីនោះ ដែលមានទីតាំងធំទូលាយ ប៉ុន្តែវានៅឆ្ងាយពីប្រជុំជន ។ ម្យ៉ាងទៀត វាអាចហែករដ្ឋបាលក្រុងជាពីរ ព្រោះនោះវានៅដាច់ឆ្ងាយពីសាលាក្រុង ដោយសារកន្លែងនោះមានតែមួយអគារ ឯរដ្ឋបាលក្រុងមានក្រុមប្រឹក្សាក្រុងផង មានរដ្ឋបាលក្រុងផង ដែលធ្វើឲ្យកន្លែងនោះមិនអាចមានកន្លែងសម្រាប់មន្ត្រីធ្វើការបានគ្រប់គ្រាន់។ដូច្នេះហើយ នៅសល់៤ការិយាល័យទៀត អត់មានកន្លែងឲ្យអង្គុយធ្វើការ ហេតុនេះហើយទើបក្រុងសម្រេចចិត្តឲ្យពួកគាត់ធ្វើការជុំគ្នានៅសាលាក្រុងសិន ដើម្បីស្វែងរកជំនួយបន្ថែមសាងសង់កន្លែងការិយាល័យច្រកចេញចូលតែមួយ ឲ្យបានសមរម្យ ទើបឲ្យពួកគាត់ទៅធ្វើការកន្លែងនោះ។
ទោះជាយ៉ាងណា សារស្វែងព័ត៌មានយើងមិនអាចរកការបញ្ជាក់អំពីចំនួននៃការចំណាយប្រាក់សាងសង់អគារខាងលើ ពីសំណាក់លោកអភិបាលក្រុងមុន និងប្រធានការិយាល័យបាននោះទេ តាមរយៈប្រព័ន្ធទូរស័ព្ទ៕