ពលរដ្ឋរិះគន់ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនថា មិនណែនាំដល់ក្រុមគ្រូពេទ្យមួយចំនួន ដែលធ្វើទង្វើអសីលធម៌ចំពោះអ្នកជំងឺ
ខេត្តប៉ៃលិន៖ ជារើយៗតែងតែមានការត្អូញត្អែរពីប្រជាពលរដ្ឋ អំពីទង្វើអសីលធម៌ របស់ក្រុមគ្រូពេទ្យរដ្ឋមួយចំនួន នៅពេលដែលពួកគាត់ទៅរកសេវាព្យាបាលសុខភាព។ ហើយទង្វើទាំងអស់នេះដូចជា៖ការរើសអើងអ្នកជំងឺ, ការនិយាយស្តីជាមួយអ្នកជំងឺដោយពាក្យសម្តីមិនសមរម្យ និងការយកលុយជាធំ ជាដើម ដែលសកម្មភាពទាំងអស់នេះ វាផ្ទុយនឹងក្រមសីលធម៌របស់គ្រូពេទ្យ ដែលជាបញ្ហាគ្រោះថ្នាក់បំផុតសម្រាប់សង្គម និងប្រជាពលរដ្ឋ តម្រូវឲ្យស្ថាប័នពាក់ព័ន្ធមានវិធានការដោះស្រាយជាបន្ទាន់ ។ ជាក់ស្តែង កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រជាពលរដ្ឋមួយគ្រួសារ រស់នៅភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឈ្មោះ គង់ ណន ភេទប្រុស អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ ផាន សុភាព អាយុ៣២ឆ្នាំ បានយកកូនរបស់ខ្លួនឈ្មោះ គង់ ស្រីនិច ភេទស្រី អាយុ២១ខែ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណៈដែលកូនរបស់គាត់មានជំងឺក្អក ព្រមទាំងក្តៅខ្លួនខ្លាំងផងដែរ ។
បើតាមការរៀបរាប់ពីឈ្មោះ គង់ ណន ភេទប្រុស អាយុ៤៩ឆ្នាំ ត្រួវជាឪពុករបស់ក្មេងស្រីដែលមានជំងឺ បានឲ្យដឹងថា៖ រូបគាត់បាននាំកូនរបស់គាត់ឈ្មោះ គង់ ស្រីនិច ភេទស្រី អាយុ២១ខែ ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អេកខេត្តប៉ៃលិន កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ តែនៅពេលទៅដល់បន្ទុបផ្នែកជំងឺកុមារ គឺមិនមានគ្រូពេទ្យប្រចាំការសូម្បីតែម្នាក់ ពេលនោះរូបគាត់ក៏បានទៅសួរនៅបន្ទុបសង្គ្រោះបន្ទាន់ ស្រាប់តែក្រុមគ្រូពេទ្យម្នាក់និយាយថា ប្រហែលគេទៅផឹកស៊ីអស់ហើយដឹង ព្រោះមានកម្មវិធីខូបកំណើតផងដែរ ។ លោក គង់ ណន បានរៀបរាប់បន្តថា៖ រូបគាត់បានអង្គុយរង់ចំក្រុមគ្រូពេទ្យតាំងពីម៉ោង៧ យប់រហូតដល់ ម៉ោង៨ និង៣០នាទីយប់ ទើបឃើញក្រុមគ្រូពេទ្យមកដល់ ដោយកូនរបស់គាត់ដែលមានជំងឺ យកទៅព្យាបាល ព្រមទាំងដាក់សេរ៉ូម។ ខណៈពេលយកកូនទៅព្យាបាល ក៏មានគ្រូពេទ្យម្នាក់(មិនស្កាលឈ្មោះ)និយាយស្តីឲ្យម្តាយអ្នកជំងឺថា បើមីងឯងចេះ ចំបាច់យកមកឲ្យពេទ្យព្យាបាលធ្វើអ្វី មិនទៅមើលខ្លូនឯងទៅ ខណៈដែលម្តាយអ្នកជំងឺ(ក្មេងដែលឈឺ)ចង់ឲ្យគ្រូពេទ្យថតអេចសេរ៉េ ។
លោក បានបន្តទៀតថា៖ ពេលនោះក៏មានការនិយាយគ្នាខ្លាំងៗបណ្តាលឲ្យអ្នកជំងឺ និងអ្នកកំដរផ្អើលមកមើលជាច្រើននាក់ ចំណែកភ្លើងក៏ដាច់ទៀត ប៉ុន្តែដាច់តែក្នុងបន្ទប់កូនគាត់តែប៉ុណ្ណោះ ដោយមានគេលួចបិទគុបភ្លើង ។ លោកក៏បានសំណូមពរដល់ប្រធានមន្ទីរសុខាភិបាលផង ឲ្យជួយណែនាំក្រុមគ្រូពេទ្យមួយចំនួនផង ព្រោះតែពួកគាត់មានសំដីមិនសមជាគ្រូពេទ្យឡើយ ហើយសេវ៉ាវិញក៏យកពីរទៅបីដំណាក់កាលដែរ ។ តាមប្រភពព័ត៌មាន ពីអ្នកជំងឺ និងអ្នកកំដរនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានឲ្យដឹងថា៖ស្ទើរតែរាល់ពេល ដែលប្រជាពលរដ្ឋ ជាអ្នកក្រីក្រ មានជំងឺ ហើយទៅរកសេវាព្យាបាលរបស់រដ្ឋ តែងតែត្អូញត្អែរពីទុក្ខលំបាក និងរិះគន់សកម្មភាពមិនសមរម្យរបស់ក្រុមគ្រូពេទ្យមកលើពួកគេ ដែលទង្វើនេះ វាប្រាសចាកពីវិជ្ជាជីវៈ និងក្រមសីលធម៌របស់ខ្លួន និងសេចក្តីថ្លៃថ្នូររបស់មនុស្ស មានពេលខ្លះបើទោះបីជាអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ដែលត្រូវទទួលការព្យាបាលជាបន្ទាន់ ប៉ុន្តែគ្រូពេទ្យមិនព្យាបាលឡើយ ប្រសិនបើអ្នកជំងឺមិនបានបង់លុយមុនទេនោះ ។ ប្រភពព័ត៌មាន បានបន្តទៀតថា៖ បញ្ហាយកប្រាក់ជាត្រីមុខ ពោលនៅក្នុងភ្នែករបស់គ្រូពេទ្យខ្លះពោរពេញដោយទឹកលុយ ចំណែកភារកិច្ច ក្រមសីលធម៌ និងវិជ្ជាជីវៈ ពាក្យសម្បថ ត្រូវបំភ្លេចចោលទាំងស្រុង ដោយសារតែឥទ្ធិពលនៃប្រាក់ដុល្លារ ។
លោក ពេជ្រ សំបូរ ប្រធានការិយាល័យច្បាប់ សាលាខេត្តប៉ៃលិន បានមានប្រសាសន៏ថា៖ ក្នុងករណីក្រុមគ្រូពេទ្យមួយចំនួនធ្វើទង្វើអសីលធម៌ ចំពោះអ្នកជំងឺគឺវាខុសក្រមសីលធម៌ និងវិជ្ជាជីវៈ របស់គ្រូពទ្យហើយ ដូច្នោះសុំឲ្យប្រធានមន្ទីរពេទ្យនោះ ធ្វើការណែនាំដល់គ្រូពេទ្យនោះជាបន្ទាន់ លើសពីនេះ កង្វះវប្បធម៌ទទួលខុសត្រូវរបស់គ្រូពេទ្យ និងបញ្ហានិទណ្ឌភាពកង្វះចំណាត់ការម៉ឺងម៉ាត់របស់ប្រធានមន្ទីរសុខាភិបាលនៅក្នុងវិស័យនេះ ក៏ជាបញ្ហាដ៏រសើបនៅក្នុងវិស័យសុខាភិបាលនៅកម្ពុជាផងដែរ ។
ពាក់ព័ន្ធករណីខាងលើនេះ អ្នកយកព័ត៌មាន មិនអាចសុំការបំភ្លឺពីលោក សេង រ៉ន ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន និងលោក អាង នាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានទេនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយទូរស័ព្ទមិនចូល ហើយយើងសង្ឃឹមថាលោកទាំងពីរនិងជួយបភ្លឺនៅពេលក្រោយ ៕