រឿងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ សមត្ថកិច្ចដូចមិនអើពើនឹងបញ្ជាសម្ដេចក្រឡាហោម ស ខេង
ខេត្តបាត់ដំបង ៖ អាជ្ញាធរ និងសមត្ថកិច្ចខេត្តបាត់ដំបង ហាក់កំពុងបង្ហាញពីភាពស្ទាក់ស្ទើរនៅឡើយ ក្នុងការអនុវត្តនូវផែនការណ៍ទប់ស្កាត់ ឬបង្ក្រាបល្បែងស៊ីសងសងខុសច្បាប់ ដើម្បីឆ្លើយតបទៅនឹងបទបញ្ជាដ៏ក្ដៅគគុក របស់សម្ដេចក្រឡាហោម ស ខេង ដែលបានចេញបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ស្ថាប័នក្នុងខេត្ត ក្រុង រាជធានី រួមគ្នាបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដែលកំពុងរីកដូចផ្សិតឲ្យខាងតែបាន ខណៈការបង្ក្រាបកន្លងទៅថ្មីៗនេះ ត្រូវមហាជនរិះគន់ថា បានធ្វើឡើងគ្រាន់តែគម្រប់កិច្ច ធ្វើតែទៅលើទីតាំងតូចតាចគ្មានខ្សែគ្មានខ្នង បែបបក្ខពួកនិយម និងគ្មានតម្លាភាព។
ក្រោយពីសម្ដេចក្រឡាហោម ស ខេង បានចេញនូវបទបញ្ជាបានប៉ុន្មានថ្ងៃ គេឃើញកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្ត បានភ្ញាក់រលឹកមុនគេ ក្នុងការចុះអនុវត្តនូវបទបញ្ជានេះ។ ប៉ុន្តែកិច្ចប្រតិបត្តិជាលើកដំបូងនេះ គឺធ្វើឡើងតែទៅលើទីតាំងកត់កន្ទុយលេខ ដែលពលរដ្ឋអះអាងថា ជាទីតាំងតូចតាច គ្មានខ្សែ គ្មានខ្នងរឹងមាំ ខណៈទីតាំងធំៗរាប់រយកន្លែងដែលមានខ្សែ មានខ្នងក្រាស់ បែរជាមានអ្នកផ្ដល់ដំណឹងជាមុនឲ្យបិទទ្វារ ឬ សមត្ថកិច្ចធ្វើជាមិនដឹងដើរបង្ហួស បើទោះជាពលរដ្ឋចង្អុលបង្ហាញទីតាំងក្ដី។
បើតាមប្រជាពលរដ្ឋបានលើកឡើងថា ក្រោយពីសមត្ថកិច្ចចុះបង្ក្រាបមួយប្រាវដំបូង គេឃើញទីតាំងកត់កន្ទុយលេខទាំងតូចទាំងធំ ទាំងមានខ្សែ ទាំងអត់ខ្សែ រួមទាំងទីតាំងបើកល្បែងហ្គេមជ្រកក្រោមស្លាកអ៊ីនធឺណិតនៅក្រុងបាត់ដំបង រាប់សិបកន្លែងផង បានទាញទ្វារផ្អិបបណ្ដោះអាសន្នបានមួយដង្ហើមចង្រិតដែរ ដើម្បីចាំអ៊ុតផែនការណ៍ពីសមត្ថកិច្ច។ ប៉ុន្តែនៅព្រឹកថ្ងៃទី១៦ វិច្ឆិកា ចំថ្ងៃឆ្នោតសៀមចេញផង គេឃើញទីតាំងកត់កន្ទុយលេខទាំងតូចទាំងធំ បានចាប់ផ្ដើមបើកដំណើរការព្រោងព្រាតពេញក្រុងឡើងវិញទាំងព្រឹក ដោយមិនខ្វល់អំពីច្បាប់ ឬការបង្ក្រាបរបស់សមត្ថកិច្ចឡើយ គឺហាក់ដូចជាទទួលបានសញ្ញាភ្លើងខៀវណាមួយពីមន្ត្រីអនុវត្តច្បាប់អីចឹងដែរ។
មហាជនបានលើកឡើងថា ទង្វើផ្គើនបែបនេះ ក៏ព្រោះតែម្ចាស់ទីតាំងកន្ទុយលេខ ឬម្ចាស់ទីតាំងល្បែងហ្គេមដែលជ្រកក្រោមស្លាកអ៊ីនធឺណិតទាំងនោះ អាងខ្សែ អាងខ្នងសាច់ញាតិរបស់ខ្លួនជាសមត្ថកិច្ច ឬជាមន្ត្រីមានអំណាចនៅក្នុងខេត្តដែរ។ ពលរដ្ឋនិយាយថា បច្ចុប្បន្នទាំងទីតាំងកត់កន្ទុយលេខធំៗ ទាំងទីតាំងបើកល្បែងហ្គេម និងល្បែងនានា ដែលបន្តផ្ទាល់ពីបណ្ដាកាស៊ីណូ ជ្រកស្លាកអ៊ីនធឺណិតរាប់រយកន្លែងនៅក្នុងក្រុងបាត់ដំបង ភាគច្រើនសុទ្ធតែជាសាច់ញាតិសមត្ថកិច្ច និងមន្ត្រីមានអំណាច។
ហើយបើគ្មានខ្សែទេ មិនអាចបើកដំណើរការបានឡើយ តែបើហ៊ានដំណើរការវិញ មួយថ្ងៃមិនទាន់ទេ សមត្ថកិច្ចនឹងចុះបង្ក្រាបយកស្នាដៃភ្លាម។ ដូច្នេះហើយទើបការចុះបង្ក្រាបរបស់សមត្ថកិច្ចម្ដងៗ ធ្វើតែទៅលើទីតាំងតូចតាចគ្មានខ្សែទប់ទល់ រីឯទីតាំងដែលមានខ្សែអាចដំណើរការបានដោយរលូន។ គួររំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ធមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំ និងបទបញ្ជាដ៏ក្ដៅគគុកមួយ កាលពីថ្ងៃទី២៦ តុលា កន្លងទៅ ដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ស្ថាប័ន និងគ្រប់ខេត្ត ក្រុង រាជធានី ឲ្យមានវិធានការទប់ស្កាត់ និងបង្ក្រាបគ្រប់ល្បែងស៊ីសងខុសច្បាប់ដែលកំពុងរីករាលដាលនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យខាងតែបាន។
មិនគ្រាន់តែបង្ក្រាបទេ សម្ដេចក្រឡាហោម ថែមទាំងបានបញ្ជាដាច់ខាតថា ត្រូវតែចាប់ខ្លួនម្ចាស់ទីតាំង ឬមន្ត្រីមានអំណាចណាដែលហ៊ានកាងបនល្បែងខុសច្បាប់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ទៀតផង បើទោះជាអ្នកបើកល្បែង ឬអ្នកកាងល្បែងនោះមានឋានៈ ឬបុណ្យស័ក្ដិធំប៉ុនមេឃក្ដី។ ប៉ុន្តែរហូតមកដល់ពេលនេះ គេសង្កេតឃើញអាជ្ញាធរ ឬសមត្ថកិច្ចខេត្ត ហាក់មិនទាន់បង្ហាញភាពពេញលេញក្នុងការចុះបង្ក្រាបបនល្បែងខុសច្បាប់ ដើម្បីឆ្លើយតបទៅនឹងបទបញ្ជារបស់សម្ដេចក្រឡាហោមនៅឡើយទេ ដែលនាំឲ្យមានការរិះគន់ត្រង់ៗថា សមត្ថកិច្ចនៅរារែក ព្រោះវាធ្វើឲ្យបាត់បង់នូវផលប្រយោជន៍ពួកគេ។
ជុំវិញករណីនេះ លោកឧត្តមសេនីយត្រី ជេត វណ្ណនី ស្នងការរងខេត្ត បានមានប្រសាសន៍ថា អាជ្ញាធរខេត្តបានកោះប្រជុំរួចហើយជាមួយក្រុមគណៈបញ្ជាការកងឯកភាពខេត្ត កាលពីរសៀលថ្ងៃទី១១ វិច្ឆិកា ដើម្បីពិភាក្សាអំពីវិធានការណ៍នានា ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ។ លោកស្នងការរងបានបន្តថា ក្រុមគណៈបញ្ជាការកងឯកភាពខេត្ត បានដាក់ចេញនូវវិធានការមួយចំនួនជាជំហ៊ានដំបូង ដោយផ្ដោតសំខាន់ទៅលើការផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបទល្មើសល្បែងស៊ីសងនេះ មុនពេលឈានដល់ការអនុវត្តច្បាប់។
ប៉ុន្តែលោក ជេត វណ្ណនី ក៏បានបញ្ជាក់ដែរថា ពេលនេះយើងនៅតែបន្តនីតិវិធីចុះបង្ក្រាបដដែល បើទោះជាយើងកំពុងពិភាក្សារអំពីគោលការណ៍មួយចំនួនជាមួយស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តក្ដី។ សូមបញ្ជាក់ដែរថា បើតាមការបង្ហើបឲ្យដឹងពីមន្ត្រីមួយចំនួនបានឲ្យដឹងថា សម្រាប់នៅក្នុងក្រុងបាត់ដំបង មានទីតាំងបើកល្បែងហ្គេមជ្រកក្រោមស្លាកអ៊ីនធឺណិត និងល្បែងស្លុតម៉ាស៊ីននានាផង យ៉ាងតិចជិត៣០កន្លែង រីឯទីតាំងកត់កន្ទុយលេខវិញ ទាំងតូចទាំងធំ គឺមិនអាចគណនាតែម្ដង ព្រោះកើតឡើងព្រោងព្រាតស្ទើរគ្រប់ទីកន្លែង។
ប្រភពដដែលបានបញ្ជាក់ថា ទីតាំងល្បែងទាំងនោះ ភាគច្រើនជាសាច់ញាតិសមត្ថកិច្ច ឬមានមន្ត្រីមានអំណាចចាំកាងពីក្រោយខ្នង។ ស្ទើរគ្រប់ទីតាំងល្បែងទាំងអស់សុទ្ធតែត្រូវបង់សំណូកប្រចាំខែជូនសមត្ថកិច្ចគ្រប់ស្ថាប័ន បើមិនដូច្នេះទេ មិនអាចដំណើរការបានឡើយ៕