ផេកក្រសួងធម្មការប្រកាសបិទខណៈ គ្មានលុយបង់សេវាអ៊ីនធឺណេត
ហ្វេសប៊ុក៖ ផេករបស់ក្រសួងធម្មការ និងសាសនា បានប្រកាសឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា ពួកគេមិនមានលុយបង់ថ្លៃអ៊ីនធឺណិត (Internet) ដើម្បីតាមដានទំព័រហ្វេសប៊ុក របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមការបញ្ជារបស់នាយករដ្ឋមន្ត្រីកន្លងទៅនោះទេ។ក្រុមការងារតាមដានហ្វេសប៊ុក របស់ក្រសួងធម្មការរអ៊ូរទាំថា ពួកគេគ្មានលុយបង់សេវាអ៊ីនធឺណិត ដើម្បីតាមដានទំព័រហ្វេសប៊ុកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀតឡើយ។នៅលើទំព័រហ្វេសប៊ុក របស់ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១៨ ខែវិច្ឆិកា លោក មាស សំណាង ដែលអះអាងថា ជាប្រធានក្រុមការងារយុវជនហ្វេសប៊ុក ក្រសួងធម្មការ និងសាសនា សរសេរថា ទំព័រហ្វេសប៊ុក (Page) ក្រសួងធម្មការ និងសាសនា អាចនឹងត្រូវបិទមួយ រយៈ ឬត្រូវបិទការផ្សាយទាំងស្រុងនូវសកម្មភាពការងារក្រសួង ព្រោះថា កន្លងទៅក្រុមការងារនេះបានការជួយឧបត្ថម្ភថ្លៃអ៊ីនធឺណិត និងប្រាក់ឧបត្ថម្ភផ្សេងៗពីអតីតរដ្ឋមន្ត្រីក្រសួងធម្មការ គឺលោក មិន ឃិន ចំនួន ៥០ម៉ឺនរៀលប៉ុណ្ណោះ។
ប៉ុន្តែចាប់តាំងពីខែមករា រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ក្រុមការងារតាមដានទំព័រហ្វេសប៊ុក នាយករដ្ឋមន្ត្រីមួយនេះ ពុំដែលទទួលបានអ្វីទាំងអស់ សូម្បីតែលុយសម្រាប់បង់សេវាអ៊ីនធឺណិត ក៏ពួកគេប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដែរ។ ក្រុមការងារនេះបញ្ជាក់ថា ពួកគេនឹងសម្រាក ឬឈប់ទាំងស្រុងក្នុងករណីរកថវិកាមិនបាន។ ព័ត៌មានចុងក្រោយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងធម្មការ និងសាសនា គឺបង្ហាញពីព្រឹត្តិការណ៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី មកពីទូទាំងប្រទេសនៅសាលសន្និសិទ្ធចតុមុខកាលពីថ្ងៃទី១៧ ខែវិច្ឆិកា។ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី ទទួលស្គាល់ថា លោក មាស សំណាង ពិតជាក្រុមការងារហ្វេសប៊ុករបស់ក្រសួងធម្មការ និងសាសនា មែន។
ទោះជាយ៉ាងណាលោកថា កន្លងទៅក្រសួងពុំមានកញ្ចប់ថវិកាដាច់ដោយឡែកសម្រាប់ក្រុមការងារហ្វេសប៊ុក នោះទេ គឺវាអាស្រ័យលើការបរិច្ចាគ ឬឧបត្ថម្ភរបស់រដ្ឋមន្ត្រី។លោក សេង សុមុនី បញ្ជាក់ថា តាមព័ត៌មានខ្លះៗដែលលោកទទួលបាន គឺរដ្ឋមន្ត្រីថ្មីលោក ហ៊ឹម ឆែម គ្រោងបង្កើតក្រុមការងារថ្មីដើម្បីគ្រប់គ្រងទំព័រហ្វេសប៊ុក របស់ក្រសួង។ ម្យ៉ាងលោកថា សមាជិកក្រុមការងារចាស់មួយចំនួនក៏បានឈប់ពីក្រុមការងារហ្វេសប៊ុក បច្ចុប្បន្នទៅធ្វើការនៅកន្លែងផ្សេងដែរ៖ «ឥឡូវខ្ញុំកំពុងជួបគាត់ មិនដឹងថា គាត់មានការអី ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រីថ្មី ខ្ញុំមិនទាន់បានឃើញសេចក្ដីសម្រេចចែងនៅឡើយទេ។
ប៉ុន្តែឮសូរខាងខុទ្ទកាល័យប្រាប់ថា ឯកឧត្ដមរដ្ឋមន្ត្រីថ្មី លោករៀបចំក្រុមការងារថ្មីដើម្បីបង្កើតផេកថ្មីឡើងវិញ»។រហូតមកទល់ពេលនេះ ទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន មានមនុស្សចូលចុច Like កើនឡើងជាង ៦លាននាក់ហើយ គឺច្រើនជាងអ្នកប្រើប្រាស់ហ្វេសប៊ុក ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ដោយសារសម្តេច ហ៊ុន សែន គិតថា ហ្វេសប៊ុក អាចធ្វើឲ្យរដ្ឋាភិបាលទទួលបានព័ត៌មានពីពលរដ្ឋបានឆាប់រហ័ស សម្តេចហ៊ុន សែន បានប្រកាសឲ្យបណ្ដាក្រសួងស្ថាប័នរដ្ឋទាំងអស់បង្កើតក្រុមការងារនៅតាមក្រសួងស្ថាប័ននីមួយៗដើម្បីតាមដានទំព័រហ្វេសប៊ុករបស់លោក រួចឆ្លើយតបដោះស្រាយបញ្ហាបើសិនពលរដ្ឋលើកឡើងនូវបញ្ហាពាក់ព័ន្ធនឹងក្រសួងរបស់ពួកគេ។ភ្លាមៗក្រោយការប្រកាសរបស់សម្តេច ហ៊ុន សែន ក្រសួងនីមួយៗបានបង្កើតក្រុមការងារតាមដានទំព័រហ្វេសប៊ុករបស់លោក។
ប៉ុន្តែករណីរបស់ក្រសួងធម្មការពេលនេះ គឺជាស្ថាប័នរដ្ឋទី១ហើយដែលប្រកាសថា ក្រុមការងារហ្វេសប៊ុក គ្មានប្រាក់ដើម្បីបង់សេវាអ៊ីនធឺណិត តាមដានទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រី។ គេនៅមិនទាន់ដឹងថា តើក្រុមការងារហ្វេសប៊ុក នៅក្រសួងស្ថាប័នផ្សេងទៀត មានបញ្ហាដូចគ្នា ឬយ៉ាងណានោះទេ។ ប៉ុន្តែកន្លងទៅ ដោយមិននិយាយដល់ទំព័រហ្វេសប៊ុក របស់ក្រសួងស្ថាប័នរដ្ឋ គេសង្កេតឃើញថា គេហទំព័ររបស់ក្រសួងស្ថាប័នមួយចំនួនហាក់ពុំសូវមានសកម្មភាពឡើយ មានន័យថា គេពុំអាចចូលដើម្បីស្វែងរកព័ត៌មានរបស់ស្ថាប័នទាំងនោះបានឡើយ។ គេហទំព័រស្ថាប័នខ្លះមានតែព័ត៌មានចាស់ៗ មិនដែលធ្វើបច្ចុប្បន្នភាព៕