ឈ្មួញរកស៊ីឈើខុសច្បាប់ កំពុងតែផ្គើននឹងច្បាប់មែនទែនហើយ !
ខេត្តកំពង់ស្ពឺ ៖ ឈ្មួញរកស៊ីឈើខុសច្បាប់កំពុងតែស្ទូចឈើប្រភេទម្រេញ មានមុខកាត់ប្រហែល១ម៉ែត្រ ដើម្បីដឹកយកទៅលក់នៅប្រទេសវៀតណាមតាមផ្លូវលេខ៤៤ ហើយបន្តតាមផ្លូវលេខ៤១ឆ្ពោះទៅកាន់ខេត្តកំពត យកទៅលក់ឲ្យឈ្មួញវៀតណាម ខណៈជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធហាក់បីដូចជាមិនអើពើបង្ក្រាបទាល់តែសោះ។ យោងតាមសេចក្តីរាយការណ៍ដំបូង នៅវេលាម៉ោង៩យប់ ថ្ងៃទី៤ តុលា ២០១៧ បានឲ្យដឹងថា ឈ្មួញដែលកំពុងតែស្ទូចឈើដាក់លើឡាននេះមានឈ្មោះឌី មានទីលំនៅភូមិដំបងវិញ ឃុំសង្កែ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។
សេចក្តីរាយការណ៍បន្តថា ឈើដែលឈ្មួញកំពុងតែស្ទូចនេះជាប្រភេទឈើម្រេញមានមុខកាត់ធំៗ ដែលវៀតណាមកំពុងត្រូវការបំផុត។ ឈើទាំងនេះត្រូវបានឈ្មួញប្រមូលទិញពីពលរដ្ឋ ហើយយកទៅលាក់ទុកនៅភូមិសំរោង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ មជ្ឈដ្ខានមហាជនបានលើកឡើងថា មិនដឹងថាតើឈ្មួញឈើរូបនេះប្រើវេទមន្តអ្វីឡើយ បានជាអាចបញ្ជាឲ្យតៃកុងរថយន្តបើកបរតាមផ្លូវជាតិលេខ៤៤ ឆ្លងកាត់ស្នាក់ការសមត្ថកិច្ចជាច្រើនកន្លែងដូចជា ផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ ស្នាក់ការកងរាជអាវុធហត្ថ និងនគរបាលសេដ្ឋកិច្ចសង្កាត់រដ្ឋបាលព្រៃឈើសំរោងទងជាដើម ហើយបន្តឆ្ពោះទៅតាមផ្លូវជាតិលេខ៤១ និងបន្តទៅកាន់ខេត្តកំពតយកទៅលក់ឲ្យឈ្មួញវៀតណាមតែម្តង ដោយមិនមានការរំខានពីអស់លោកសមត្ថកិច្ចទាំងនោះសូម្បីតែបន្តិច។
ប្រភពពីសមត្ថកិច្ចតូចតាចបានបង្ហើបថា ឈើទាំងនេះឈ្មួញបានបង់ឲ្យអស់លោកជំនាញពាក់ព័ន្ធក្នុងមួយកន្លែង១ឡានមិនតិចជាង២០០$ឡើយទើបអាចរត់ឆ្លងកាត់ស្នាក់ការសមត្ថកិច្ចទាំងនោះបាន បើមិនដូច្នោះទេកុំសង្ឃឹមថាឆ្លងកាត់រួចអោយសោះ។ ហើយការបង់នេះទៀតសោតឈ្មួញឈ្មោះឌីនេះបង់ឲ្យតែមេៗធំៗទៀតផង កូនចៅតូចតាចចាំតែអំបិលទៅហើយ បើហា៑នទៅក្បែរច្បាស់ជាត្រូវថ្នាក់លើស្តីបន្ទោសមិនខាន។
ឈ្មួញឈើនេះដឹកលក់ខ្លួនឯងផង និងដឹករត់ផ្លូវឲ្យឈ្មួញដទៃទៀតផងដែរ។ មិនហា៑នចេញមុខដោយក្នុង១រថយន្ត៥តោនថ្លៃរត់ការផ្លូវមិនក្រោម១ម៉ឺនដុល្លារឡើយ ដោយធ្វើយ៉ាងណាត្រូវនាំឈើទៅឲ្យដល់គោលដៅចុះទូកទៅវៀតណាមទើបជាការស្រេច។ មជ្ឈដ្ឋានពលរដ្ឋបានលើកឡើងថា ជានិច្ចកាលគេមិនដែលឃើញអស់លោកសមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ក្រាបរថយន្តដឹកឈើរបស់ឈ្មួញរូបនេះម្តងណាឡើយ បើដង្ហែគ្នាដើរផឹកស៊ីដូចជាមានច្រើនដងរាប់មិនអស់ដូច្នេះ។
ដោយឡែកព័ត៌មួយទៀតបានខ្សឹបថា ឈើដែលស្ទូចនេះមិនមែនដឹកទៅលក់នៅវៀតណានោះទេ គឺដឹកទៅលក់នៅតាមបុរីដែលទើបសង់ថ្មីនៅរាជធានីភ្នំពេញ។ មិនដឹងថាតើត្រូវរាយការណ៍ទៅឲ្យជំនាញណាមួយបង្ក្រាបនោះទេ បើនៅកំពង់ស្ពឺនេះសង្ស័យម្នាក់ៗបានទទួលលាភសក្ការៈពីឈ្មួញឈ្មោះឌីនេះអស់ហើយមើលទៅ។ មជ្ឈដ្ឋានសំណូមពរទៅលោករដ្ឋមន្ត្រីក្រសួងកសិកម្មក៏ដូចប្រតិភូទទួលបន្ទុករដ្ឋបាលព្រៃឈើមេត្តាចាត់វិធានការបង្ក្រាបផង បើរំពឹងលើអស់លោកនៅទីនេះហាក់បីដូចជាអាជ័យចាំចម្ការអីចឹងនោះ៕