ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ លោក ឆែ សុធា ប្រមូលលុយតាមច្រកនានា ពីក្រុមឈ្មួញដឹកទំនិញ
ខេត្តបន្ទាយមានជ័យ ៖ មានការលើកឡើងថា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ លោក ឆែ សុធា កំពុងតែមានភាពល្បីល្បាញ ឲ្យមន្ត្រីគយ របស់ខ្លួន ប្រឹងប្រមូលលុយ តាមច្រកនានា ពីបណ្ដាក្រុមឈ្មួញ ដែលបាន រកស៊ីដឹកទំនិញចូលខេត្ត និងឆ្លងកាត់។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា ចាប់តាំងពីលោក ឆែ សុធា មកកាន់តំណែងជាប្រធានសាខាគយ ខេត្តនេះ គឺករណីឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធ មិនគ្រប់នៅតែកើត ឡើងយ៉ាងពេញបន្ទុក មិនខុសពីពេលដែលលោក ថោង សុខាំភូ នៅធ្វើជាប្រធាន សាខាគយ ខេត្តបន្ទាយមានជ័យនោះទេ។
រឿងអាស្រូវ របស់លោក ឆែ សុធា ក្នុងការបណ្ដោយ ឲ្យកូនចៅបង្កើតប៉ុស្ដិ៍ជជុះ យកលុយពីអ្នកបើកបររថយន្តតាក់ស៊ីដឹកទំនិញ យ៉ាងអនាធិបតេយ្យ ត្រូវបានលាតត្រដាង ជាបន្តបន្ទាប់ ក៏ប៉ុន្តែរហូត មកដល់ពេលនេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករមិនទាន់មាន វិធានការអ្វីលើលើលោក ឆែ សុធា នៅឡើយទេ។បច្ចុប្បន្នប៉ុស្ដិ៍ជជុះរបស់គយ នៅផ្លូវជាតិលេខ៥ ចន្លោះពីក្រុងប៉ោយប៉ែត មកទីរួមខេត្តបន្ទាយមានជ័យ កំពុងធ្វើឲ្យឈ្មួញ និងអាជីវករជួបការលំបាកយ៉ាងខ្លាំងព្រោះមន្ត្រីគយឈរជើងនៅប៉ុស្ដិ៍ជជុះទាំងនោះ ប្រើអំណាចយកលុយពីពួកគាត់ ដោយគ្មានការយោគយល់ឡើយ។
ផ្ទុយទៅវិញលោក ឆែ សុធា និងបក្ខពួកបានឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗ ដើម្បីជាថ្នូរនឹងផលប្រយោជន៍ ហើយធ្វើឲ្យ រដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ មានការអះអាងបន្ថែមថា រាល់ទំនិញដឹកចូល ខេត្តបន្ទាយមានជ័យ និងឆ្លងកាត់ សុទ្ធតែមានបង់ពន្ធទាំងអស់ តែទំនិញទាំងនោះបង់ត្រឹមតែ៨០ភាគរយតែប៉ុណ្ណោះ ចំណែក២០ភាគរយទៀត មន្ត្រីគយបានឃុបឃិតចែកគ្នាយកធ្វើមានធ្វើបាន យ៉ាងសុខស្រួល។
ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរពិនិត្យមើលទង្វើមិនប្រក្រតីរបស់លោក ឆែ សុធា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ ព្រមទាំងបក្ខពួកខ្លះផង។ ពាក់ព័ន្ធទៅនឹងព័ត៌មាននេះ ភ្នាក់ងារយើងនៅមិនទាន់ទទួលបាន ការបកស្រាយ បំភ្លឺពីលោក ឆែ សុធា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ នៅឡើយទេ ដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង៕
source: metkhmer