បុណ្យសមុទ្រ នៅខេត្តព្រះសីហនុ ឆ្នាំនេះ ត្រូវបានលើកពេល ប្រារព្ធថ្ងៃទី២៥ ខែធ្នូ វិញ
ខេត្តព្រះសីហនុ៖ បើយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍លេខ ៤១៣ សជណ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងថា ការប្រារព្ធពិធីបុណ្យសមុទ្រជុំទី២ ឆ្នាំ២០១៦ ដែលគ្រោងរៀបចំឡើង ថ្ងៃទី១៦-១៧-១៨ ខែធ្នូ នោះ ត្រូវលើកពេលទៅប្រារព្ធ នៅថ្ងៃទី២៣-២៤-២៥ ខែធ្នូ វិញ នេះបើតាមគណៈកម្មាធិការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានប្រាប់ANN ព្រឹកមិញ ថា មូលហេតុដែលលើកពេលរៀបចំប្រារព្ធបុណ្យសមុទ្រនេះ គឺមិនមានការអាក់ខានរបស់រដ្ឋបាលខេត្តទេ នេះជាការផ្លាស់ប្តូររបស់ក្រសួងទេសរណ៍ ព្រោះសាលាខេត្តកំពុងតែរៀបចំយ៉ាងមមាញឹកតាមបណ្តាផ្លូវ បណ្តាទីកន្លែងឆ្នេរ តំបន់ឆ្នេរ ដែលជាទីតាំងរៀបចំពិធីបុណ្យសមុទ្រនោះ។
ដោយឡែក អគ្គលេខាធិការដ្ឋានពិធីរៀបចំបុណ្យសមុទ្រ បានប្រាប់ ANN ថា ជុំវិញនៃការផ្លាស់ប្តូរលើកពេលនេះ បើចង់ដឹងច្បាស់សូមទំនាក់ទំនងទៅឯកឧត្តមរដ្ឋមន្ត្រី ព្រោះលោកមិនដឹងថា តើមូលហេតុអ្វីនោះទេ៕