ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងតែផ្គើននឹងបទបញ្ជារបស់រាជរដ្ឋាភិបាលហើយ
ខេត្តព្រះវិហារ ៖ ប្រភពដែលច្បាស់ការណ៍មួយបានឲ្យដឹងថា ឧកញ៉ា ឌី ឌុក និងក្រុមហ៊ុន សំអឿន សុវណ្ណ កំពុងតែចាប់ដៃគ្នាដំឡើងរោងចក្រអារឈើខ្នាតយក្សមួយដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរស្នៀត ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ស្ទើរតែវិនាសអស់ទៅហើយ តែនៅមិនទាន់មានថ្នាក់ដឹកនាំណាម្នាក់ដឹងឮនៅឡើយទេ។ ប្រជាពលរដ្ឋនៅស្រុកជ័យសែន និងស្រុកឆែប បានប្រាប់ថាលោកឧកញ៉ា ឌី ឌុក និងក្រុមហ៊ុន សំអឿន សុវណ្ណ កំពុងតែប្រមូលទិញឈើពីខាងក្រៅដឹកចូលយកទៅអារច្រៀក យ៉ាងទ្រហឹងអឹងកងពេញស្រុកឆែប រូចដាក់ជាគំនរដូចភ្នំ សម្រាប់ដឹកចេញបន្តយកទៅលក់នៅតាមដេប៉ូឈើនានាជាច្រើនកន្លែង និងមួយចំនួនទៀតដឹកយកទៅក្រៅប្រទេសស្ទើរជារៀងរាល់ថ្ងៃ។ ហើយទទួលបានលុយទាំងដុំៗ ជ្រកក្រោមរូបភាពក្រុមហ៊ុនស្របច្បាប់។
ប្រភពដដែលបានបន្តថា ក្រុមហ៊ុនមួយនេះថែមទាំងហ៊ានប្រកាសជាសាធារណៈ ឲ្យប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្បែរនោះនាំគ្នាចូលទៅកាប់ឈើយកទៅលក់នៅក្នុងរោងចក្រអារឈើពួកគេ ដោយបើកចំហរទាំងយប់ទាំងថ្ងៃដែលមានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ មាននគរបាល មានកងរាជអាវុធហត្ថ ដាក់ពង្រាយនៅតាមតូបក្រោមដើមឈើរង់ចាំរាប់ចំនួនគោយន្តដឹកឈើ និងឡានយីឌុបនៅចាំជួយការពារសុវត្ថិភាពអ្នកដឹកឈើ ព្រមទាំងពួកគេកត់ត្រាលេខឡានណាចម្លែក ហើយរាយការណ៍តាមទូរស័ព្ទទៅគ្នីគ្នាពួកគេដើម្បីឲ្យតាមឃ្លាំមើលអ្នកចម្លែកដែលចូលទៅទឹកដី នៃរោងចក្រអារឈើរបស់ពួកគេ។ យើងបានដឹងទាំងអស់គ្នាហើយថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បញ្ជា និងឲ្យបង្កើតឲ្យមានគណៈកម្មការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ ដោយអនុញ្ញាតឲ្យប្រើឧទ្ធម្ភាគចក្រយោធា២គ្រឿងសម្រាប់ប្រតិបត្តិការ តែបែរជាលោកឧកញ៉ា ឌី ឌុក នៅតែហ៊ាន ធ្វើសកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើដោយបានដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស អារច្រៀកឈើធំៗកងរំពងពេញព្រៃ និងដឹកជញ្ជូនឈើប្រណិត ឈើលេខ២ស្ទើរខ្ទេចផ្លូវ នៅក្នុងស្រុកឆែបជាប់ព្រំប្រទល់ស្រុកជ័យសែន ខេត្តព្រះវិហារ ធ្វើឲ្យប្រជាពលរដ្ឋនៅតែមើលឃើញរូបភាពដដែលៗថា បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហាក់ដូចជាមិនមានប្រសិទ្ធភាពល្អចំពោះឧកញ៉ាគ្រាក់ៗដែលចូលចិត្តរកស៊ីកាប់បំផ្លាញព្រៃឈើ ប្រព្រឹត្តបទល្មើសព្រៃឈើនៅស្រុកខ្មែរ។
អ្នកយកព័ត៌មានយើងបានឲ្យដឹងថា ជារៀងរាល់យប់ថ្ងៃ គេតែងឃើញមានឡានយីឌុបធំៗ រាប់សិបគ្រឿង ត្រូវបានគេបញ្ឈរត្រៀបត្រានៅតាមផ្លូវក្បែររោងចក្រ និងនៅខាងក្នុងរោងចក្រអារឈើរង់ចាំដឹកឈើចេញពីរោងចក្រដើម្បីទៅផ្គត់ផ្គង់តាមដេប៉ូដោយមានមន្ត្រីជំនាញ និងកងកម្លាំងជួយការពារសម្រួលមធ្យោបាយយ៉ាងរលូនមិនមានការរំខានពីសមត្ថកិច្ចណាឡើយ។ អ្នកយកព័ត៌មានយើងបានបន្តថា រោងចក្រអារឈើនេះគេយកលោក សំអឿន សុវណ្ណ ធ្វើជានាយកក្រុមហ៊ុន។ ហើយបើយោងតាមប្រភពពីមន្ត្រីជំនាញក៏បានបង្ហើបប្រាប់ថា រោងចក្រអារឈើខាងលើនេះជារបស់លោកឧកញ៉ាម្នាក់ដែលមានអំណាច និងមានទំនាក់ទំនងជិតស្និទ្ធ ជាមួយថ្នាក់ដឹកនាំធំៗទៀតផង ដូច្នេះហើយបានជាគ្មានមន្ត្រីណាមួយហ៊ានធ្វើអ្វីនោះទេ ព្រោះខ្លាចបាត់តំណែង។
ជាក់ស្តែងនឹងភ្នែកក្រុមហ៊ុននេះសព្វថ្ងៃពួកគេព័ទ្ធរបងបាំងជិត មិនឲ្យគេមើលឃើញ អំពីសកម្មភាព កែច្នៃឈើរបស់ពួកគេនោះទេ ចំណែកនៅតាមព្រៃរបោះជុំវិញបរិវេណរោងចក្រអារឈើ មានកម្លាំងសន្តិសុខប្រដាប់ដោយអាវុធ និងវិទ្យុទាក់ទងដេកក្នុងអង្រឹងយាមប្រចាំការ មិនឲ្យនរណាចេញចូលក្រៅពីអ្នកលក់ឈើនោះទេ។ លោក ជុំ ពុយ អភិបាលស្រុកជ័យសែន បានអះអាងថា ក្រុមហ៊ុនកំពុងប្រមូលទិញឈើនេះ ឈ្មោះក្រុមហ៊ុន សំអឿន សុវណ្ណ ជាក្រុមហ៊ុនស្របច្បាប់ ព្រោះគេមានច្បាប់ អនុញ្ញាតត្រឹមត្រូវពីថ្នាក់លើ «ក្រុមហ៊ុនគេស្របច្បាប់ យើងមិនអាចធ្វើអ្វីកើតទេ ក្រុមហ៊ុននេះ បានសាងសង់ រោងចក្រអារឈើ និងប្រមូលទិញឈើ ទើបតែក្នុងរយៈពេល ប្រមាណជាពីរ ឬបីខែប៉ុណ្ណោះ ដោយប្រកាសឲ្យអ្នកភូមិ ស្ម័គ្រចិត្តលក់ឈើ ឲ្យក្រុមហ៊ុន»។
យោងតាមឯកសារ ដែលត្រូវបានផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថ្មីៗនេះ បានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញលិខិត អនុញ្ញាតលេខ ២៤៣៨ ក.ស.ក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ដែលចុះហត្ថលេខា ដោយលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឲ្យក្រុមហ៊ុន សំអឿន សុវណ្ណ ចុះកាត់ប្រមូលផល អនុផលព្រៃឈើ ដើម្បីបង់ពន្ធជូនរដ្ឋ លើផ្ទៃដីសម្បទាន សង្គមកិច្ចទំហំ ៤៣៣៤,៦១ហិកតារ ស្ថិតនៅស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ ដោយយោងលើ លិខិតលេខ ២២១ លល/គអ/ទរ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ របស់សាលាខេត្តព្រះវិហារ និងមតិរបស់រដ្ឋបាលព្រៃឈើ អនុញ្ញាតឲ្យក្រុមហ៊ុន សំអឿន សុវណ្ណ ចុះប្រមូលផល អនុផលព្រៃឈើ ក្នុងដីបម្រុងទុក សម្រាប់កំណើន ប្រជាពលរដ្ឋ។
យោងទៅតាមសៀវភៅរាជកិច្ច ដែលបានចេញផ្សាយ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣ ដែលចុះហត្ថលេខាដោយ លោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ បានសម្រេចកាត់ដីទំហំ ៤៣៣៤,៦១ហិកតា នៅស្រុកជ័យសែន និងស្រុកឆែប ខេត្តព្រះវិហារ ពីគម្របព្រៃឈើ និងពីដីសម្បទានសេដ្ឋកិច្ច ដើម្បីធ្វើអនុប្រយោគ ជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្ម ជាកម្មសិទ្ធិជូន ប្រជាពលរដ្ឋចំនួន ៧៥៨គ្រួសារ។ ប្រព័ន្ធផ្សព្វផ្សាយដដែលបានសរសេរថា ទោះយ៉ាងណាលោក សំអឿន សុវណ្ណ ជានាយកក្រុមហ៊ុន បានរារាំងអ្នកសារព័ត៌មាន ពុំអនុញ្ញាតឲ្យចូល ទៅខាងក្នុងបរិវេណរោងចក្រអារឈើ ដោយលោកអះអាងថា ក្រុមហ៊ុនរបស់លោក បានទទួលសិទ្ធិ ប្រមូលផល អនុផលព្រៃឈើ ពីរាជរដ្ឋាភិបាល ដោយមានចំណារយល់ព្រម ពីនាយករដ្ឋមន្ត្រី និងអាជ្ញាប័ណ្ណ ពីក្រសួងគ្រប់គ្រាន់។ លោកបានថ្លែងថា «ខ្ញុំបានប្រកាស ក្នុងអង្គប្រជុំថ្នាក់ខេត្ត ថ្នាក់ស្រុក ជាមួយអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ថា ក្រុមហ៊ុនប្រកាសទិញឈើ ពីប្រជាពលរដ្ឋ ដែលសុខចិត្តលក់ ដោយស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំអ្វីឡើយ (មានន័យថា ក្រុមហ៊ុនជាអ្នកប្រកាសឲ្យប្រជាពលរដ្ឋកាប់ឈើលក់ឲ្យក្រុមហ៊ុនជាផ្លូវការ) ហើយមិនមាននរណាចាប់ចងអ្វីទេ ប្រសិនបើដឹកឈើ លក់ឲ្យក្រុមហ៊ុន»។
ក្រុមហ៊ុនរបស់ឧកញ៉ារូបនេះ បានរកស៊ីប្រមូលឈើ ជាច្រើនឆ្នាំណាស់មកហើយ ក៏ដូចជាឧកញ៉ាឈើដុះស្លែ ដទៃៗទៀតនៅកម្ពុជា នៅក្នុងតំបន់ការពារជាច្រើន ដូចជានៅតំបន់ ដែនជម្រកសត្វព្រៃស្នួល ខេត្តក្រចេះ នៅមណ្ឌលគិរី នៅស្ទឹងត្រែង នៅរតនគិរី ជាដើម និងនៅតំបន់ផ្សេងៗទៀត ដោយមិនញញើត»។ បើតាមព័ត៌មានពីអ្នកសារព័ត៌មាន នៅខេត្តព្រះវិហារ បានប្រាប់មកថា ការពិតក្រុមហ៊ុន សំអឿន សុវណ្ណ ដែលមានឈ្មោះ អឿន ជាមេការធំនោះ គឺមានឧកញ៉ាម្នាក់ឈ្មោះ ឌី ឌុក ជាអ្នកនៅពីក្រោយខ្នង និងជាម្ចាស់ក្រុមហ៊ុនផ្ទាល់ ដែលឧកញ៉ានោះល្បីឈ្មោះជាយូរមកហើយ ក្នុងការរកស៊ីឈើនៅស្រុកខ្មែរ ស្ទើរតែរលាយហិនហោច ខ្លោចផ្សារនេះ។ គួរបញ្ជាក់ដែរថា តំបន់ព្រៃព្រះរកា មានផ្ទៃដីទំហំប្រមាណ ៩ម៉ឺន៨ពាន់ហិកតា នៅក្នុងភូមិសាស្ត្រ ប្រជុំស្រុកចំនួន៣ មានស្រុកឆែប ស្រុកជាំក្សាន្ត និងស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ គឺជាតំបន់ព្រៃស្រោង និងជាដែនជម្រកសត្វព្រៃ ដែលនៅសេសសល់ ចុងក្រោយបង្អស់ បន្ទាប់ពីតំបន់ព្រៃឡង់ដ៏ធំ ជាប់ភូមិសាស្ត្រ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ដែលត្រូវរងការវិនាស ដោយសារតែ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីសម្បទានសេដ្ឋកិច្ច ជាច្រើនម៉ឺនហិកតា ទៅឱ្យក្រុមហ៊ុនឯកជន វិនិយោគដំណាំ កសិឧស្សាហកម្ម ក្នុងប្រទេសកម្ពុជារួចមកនោះ ។
ប៉ុន្ដែបច្ចុប្បន្ន តំបន់ព្រៃព្រះរកា ក៏កំពុងទទួលរង ការកាប់បំផ្លាញព្រៃឈើ យ៉ាងអនាធិបតេយ្យ ស្ទើររលាយហិនហោចដែរ ដែលក្នុងមួយថ្ងៃៗ គេឃើញមានម៉ាស៊ីនរ៉ៃ សឹងតែរាប់រយគ្រឿង ត្រូវគេអនុញ្ញាតឲ្យអារឈើតាប់ ឬឈើដុំ យកទៅលក់នៅតាមសិប្បកម្មឯណេះបន្តិច ឯណោះបន្តិច…។ តួយ៉ាងដូចជាម្ចាស់ក្រុមហ៊ុន សំអឿន សុវណ្ណ បានប្រកាសយ៉ាងសង្ហា ជាសាធារណៈឲ្យប្រជាពលរដ្ឋ កាប់ឈើយកទៅលក់ឲ្យរោងចក្រអារឈើ របស់ពួកគាត់ សព្វថ្ងៃនេះជាដើម។ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ក្រសួងបរិស្ថាន ក៏បានសហការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំសិក្ខាសាលា ពិគ្រោះយោបល់ ដើម្បីដាក់បញ្ចូលព្រៃឡង់ ក្រវ៉ាញខាងត្បូង ព្រះរកា សៀមប៉ាងខាងលិច និងវ៉ឺនសៃ ជាតំបន់ការពារធម្មជាតិ រួចអស់ហើយទៀតផង ។ បងប្អូនប្រជាពលរដ្ឋ បាននិយាយថា បើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្ស កាន់អំណាចពេលនេះ មិនអាចការពារ តំបន់ព្រៃព្រះរកា ឲ្យបានគង់វង្សទៀតនោះ វានឹងធ្វើឲ្យប៉ះពាល់ដល់សន្លឹកឆ្នោតរាប់សែនលាន សម្រាប់ការបោះឆ្នោតជ្រើសរើសឃុំ សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ខាងមុខនេះ។