ផ្លូវលេខ១៣ខូចជាច្រើនខែ ក្នុងខណ្ឌដូនពេញមិនទាន់ត្រូវបានជួសជុល ព្រោះដើម្បីទុកទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនា
ភ្នំពេញ៖ តំបន់មួយក្នុងក្រុងភ្នំពេញ ដែលសំបូរទៅដោយជនបរទេស គឺ ម្តុំផ្លូវលេខ១៣ ខាងក្រោយវត្តឧណ្ណាលោម។ ផ្លូវលេខ១៣នេះ កំពុងរងការខូចខាតប្រេះស្រាំ ក្រហេងក្រហូង ដោយសាររថយន្តធំៗឆ្លង កាត់ ហើយមកដល់ពេលនេះពុំឃើញមានការជួសជុលនោះទេ គឺទុកឲ្យផ្លូវ១ខ្សែនេះចង់ខូចកាន់តែខ្លំាង អ្វីដែលសំខាន់គឺខ្មាស់ជនជាតិបរទេស និងពិបាកភ្នែកមើលព្រោះនេះជាតំបន់ទេសចរណ៍ ដែលទីនោះសំបូរទៅដោយជនបរទេសជាច្រើនណាស់ ។
ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលេខ ១៣នាំគ្នារអូរទាំថា ជារៀងរាលថ្ងៃមានរថយន្តដឹកទំនិញធំៗ និងជាពិសេស មានប្រជាពលរដ្ឋធ្វើដំណើរជិះឆ្លងកាត់នោះ ដួលរងរបួសធ្ងន់ស្រាលជាច្រើននាក់ ដោយសារផ្លូវខូចនេះខាងលើ ហើយបន្ដថា បើអាជ្ញាធរនៅតែធ្វើមើលមិនឃើញទៀត គង់មានថ្ងៃណាមួយនិងមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិត ដោយសារផ្លូវខូចនេះមិនខាន ។
លើសពីនេះទៀតអ្នកលក់ដូរលើចិញ្ចើមផ្លូវ សណ្តាប់ធ្នាប់ទេនិងមិនត្រូវបានឃើញ អាជ្ញាធរដែនដីចុះ រៀបចំសណ្តាប់ធ្នាប់ឲ្យបានត្រឹមត្រូវនោះទេ គឺទុកឲ្យមានភាព អនាធិបតេយ្យ គួបផ្សំនឹងផ្លូវក្រហែងក្រហូងផងនោះ រឹត តែធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ពិបាកខ្លាំងណាស់។ អ្វីដែលពិសេសនោះគឺថា ប្រជាពលរដ្ឋតំបន់នោះតែងតែនិយាយលេងថា ទុកផ្លូវខូចចឹងបានអាចទាក់ទាញភ្ញៀវទេសចរ មកលេងបានច្រើន។
ប្រជាពលរដ្ឋយើង សូមសំណូមពរដល់សាលា រាជធានីភ្នំពេញ ជា ពិសេសសាលាខណ្ឌ ដូនពេញ មេត្តាចុះទៅ ពិនិត្យមើល និងធ្វើ ការជួសជុលផ្លូវលេខ១៣ នេះឡើងវិញផង។
ការលើកឡើងរបស់ប្រជាពលរដ្ឋដោយពួកគាត់យោងតាមការលើក ឡើង របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជ ធានីភ្នំពេញ នាពេលកន្លងមកឲ្យសាលា ខណ្ឌនីមួយៗ ត្រូវទទួលខុសត្រូវ ជា ពិសេស ការងារជួស ជុលនិងថែទាំប្រព័ន្ធ ផ្លូវថ្នល់ និងប្រព័ន្ធលូ ក្នុងភូមិសាស្ត្ររបស់ ខ្លួន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងការរស់របស់ប្រជាពលរដ្ឋឲ្យបានល្អ។
ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ លេខ១៣ សង្ឃឹមថា អាជ្ញាធរដែនដីនឹង យកចិត្តទុកដាក់ជួសជុលផ្លូវលេខ១៣ ឲ្យមានភាពប្រសើរឡើងវិញមិនខាន៕